ការចុះបញ្ជីយានយន្តអគ្គិសនី មានការកើតឡើងជារៀងរាល់ថ្ងៃដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុង ដែលជានិន្នាការចាស់។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២៤នេះ ធៀបនឹង៦ខែដើមឆ្នាំ២០២៣ ការចុះបញ្ជីទោចក្រយានយន្ត(ម៉ូតូ) កើនឡើង៣៨០ភាគរយ, ត្រីចក្រយានយន្ត(ម៉ូតូកង់បី) ថយចុះ២៩ភាគរយ និងរថយន្តកើនឡើង៥០៨ភាគរយ។ ពោលគឺចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៤ យានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប២៩៦៨គ្រឿង ក្នុងនោះរួមមាន៖ ទោចក្រយានយន្តចំនួន៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន៤៤០គ្រឿង និងរថយន្តចំនួន១៦១៤គ្រឿង។ យោងតាមតួលេខនៃការចុះបញ្ជីយានយន្តអគ្គិសនី នៃរយៈពេលដដែលនេះ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន៦៥៨គ្រឿង យានយន្តម៉ាក TOYOTA ចំនួន២៦១គ្រឿង និងម៉ាក TESLA ចំនួន១៨៦គ្រឿង ម៉ាក BMW ចំនួន៧០គ្រឿង ម៉ាក AION ចំនួន៦៤គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត។
យ៉ាងណាមិញ ការប្រើប្រាស់យានយន្តអគ្គិសនីត្រូវបានគេមើលឃើញថា វាមានការចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ។ ថ្វីដ្បិតតែការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា មិនទាន់ដល់កម្រឹតធ្ងន់ធ្ងរ តែរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង និងឯកសារផ្សេងៗទៀត ដើម្បីសម្រេចគោលដៅអព្យាក្រិត្យកាបូននៅឆ្នាំ២០៥០ តាមរយៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី សិក្សាគម្រោងដឹកជញ្ជូនសាធារណៈ ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយប្រេងឥន្ទនៈ លើកកម្ពស់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ។
បច្ចុប្បន្ន គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង បាននិងកំពុងតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍន៍យានយន្តអគ្គិសនី (គ.ល.គ.យ.អ.) ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការគាំទ្រលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី ក្នុងតម្លៃសមរម្យអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា លិខិតបទដ្ឋានគតិយុត្តនេះ នឹងផ្សព្វផ្សាយជាសាធារណៈនាពេលក្រោយ បន្ទាប់ពីមានគោលការណ៍របស់ថ្នាក់ដឹកនាំ៕