ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ គ្រោះអគ្គិភ័យនៅទូទាំងប្រទេសកម្ពុជាបានកើតឡើងចំនួន ៧៣៨លើក។ ចំនួននេះ មានការកើនឡើង ២២២លើក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
បើយោងតាមនគរបាលជាតិ ហេតុការណ៍គ្រោះអគ្គិភ័យទាំងជាង ៧០០លើកនោះបានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៩នាក់ របួស ២៥នាក់ ឆេះផ្ទះ៤៥០ខ្នង និងចំនួនតូប ៥០២ផងដែរ។
ចំពោះមូលហេតុអគ្គិភ័យទាំងនោះ គឺបណ្តាលមកពីចរន្ដអគ្គីសនីចំនួន ៤១.៥៦ភាគរយ ប្រើប្រាស់ភ្លើង ៣៩.៣៣ភាគរយ និងមូលហេតុដែលកំណត់មិនទាន់បានចំនួន ១៩.១១ភាគរយផងដែរ។
ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ កន្លងមក មានអគ្គិសភ័យចំនួន ៥១៦លើកប៉ុណ្ណោះ ដែលបានបណ្តាលឱ្យមនុស្សស្លាប់រហូតដល់ទៅ ៤១នាក់។ គ្រោះអគ្គិភ័យពេញមួយឆ្នាំ ២០២៣មាន ៧៦១លើក និងសម្លាប់មនុស្ស ៥៤នាក់ និងរបួស៩៧នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហាន្តរាយបានឱ្យដឹងផងដែរថា ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ គ្រោះអគ្គិភ័យបានកើតមានច្រើនជាងគេនៅរាជធានីភ្នំពេញ ចំនួន ៨០លើក បំផ្លាញផ្ទះអស់ ១០០ខ្នង បន្ទាប់មកខេត្តសៀមរាបចំនួន ៣៩លើក និង ខេត្តបន្ទាយមានជ័យចំនួន ៣០លើក៕