Connect with us

Hi, what are you looking for?

ពន្លឺខ្មែរ

ព័ត៌មានជាតិ

ប្រធានាធិបតីវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ​នៅ​កម្ពុជាសប្តាហ៍នេះ

ប្រធានាធិបតី​វៀតណាម លោក តូ ឡឹម (To Lam) គ្រោង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ក្នុង​សប្ដាហ៍​នេះ​រយៈពេល​២ថ្ងៃ នៅ​ថ្ងៃ​ទី១២-១៣ ខែ​កក្កដា តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានឱ្យដឹងថា លោក តូ ឡឹម ប្រធានាធិបតីវៀតណាម នឹង​មក​បំពេញទស្សនកិច្ច​នៅកម្ពុជាក្នុងសប្តាហ៍នេះ ហើយ​ក្នុង​អំឡុង​ពេល​នៃ​ទស្សនកិច្ច​ លោក តូ ឡឹម នឹង​ចូល​ក្រាប​បង្គំ​គាល់ និង​ព្រះរាជ​សវនាការ​ដាច់​ដោយ​ឡែក​ជាមួយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅ​ព្រះ​បរមរាជវាំង។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​នាថ្ងៃទី​១០ កក្កដា ថា លោក តូ ឡឹម គ្រោង​នឹង​ជួប​ជាមួយ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា, លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា, លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, និង​លោកស្រី ម៉ែន សំអន ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម។

ប្រភព​ដដែល​បន្តថា៖ «ជំនួប​ទាំងនេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​គ្រប​ដណ្ដប់​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដោយ​ផ្អែក​លើ​ស្មារតី​ភាព​ជា​អ្នក​ជិត​ខាង​ល្អ មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​ទាំងពីរ»។

លោក​ប្រធានាធិបតី​វៀតណាម​ក៏​គ្រោង​នឹង​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ នៅ​មណ្ឌប​ព្រះ​បរម​រូប ព្រះករុណា ព្រះបាទ​សម្តេច ព្រះនរោត្ដម សីហនុ «ព្រះ​បរម​រតន​កោដ្ឋ» អតីត​ព្រះមហាក្សត្រ​កម្ពុជា និង​នៅ​មណ្ឌប​មិត្តភាព​កម្ពុជា-វៀតណាម៕

You May Also Like

ការិយាល័យនិពន្ធ ៖ +855 71 861 2222
Copyright © 2024. powered by WeMedia