តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃអង្គារទី១៦ខែកក្កដាឆ្នាំ២០២៤, ប្រទេសវៀតណាម កំពុងត្រៀមសាងសង់អាកាសយានដ្ឋានបណ្តែតទឹកនៅខេត្ត Khanh Hoa ជាមួយគោលដៅ ដឹកអ្នកដំណើរដំបូងប្រមាណ១.៥លាននាក់ ក្នុងមួយឆ្នាំ។
តាមសំណើដែលរដ្ឋបាលខេត្តដាក់ជូនក្រសួងដឹកជញ្ជូន, អាកាសយានដ្ឋាន Van Phong នឹងត្រូវសាងសង់លើដីដែលចាក់បំពេញចូលសមុទ្រ ក្នុងទំហំ៤៩៧ហិកតា ហើយទីតាំងនេះគឺអាចប្រើប្រាស់បានទាំងស៊ីវិលនិងយោធា។ វានឹងត្រូវសាងសង់តាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន ជាមួយថ្លៃចំណាយសរុប ៧.៩ទ្រីលានដុង (៣០៩លានដុល្លារអាមេរិក)។
អាជ្ញាធរខេត្ត Khanh Hoa បញ្ជាក់ថា អាកាសយានដ្ឋានទាំងមូល នឹងស្ថិតនៅលើផ្ទៃបណ្តែតទឹក ដើម្បីចៀសវាងកុំឲ្យប៉ះពាល់ដល់តំបន់លំនៅដ្ឋានប្រជាជនរស់នៅ ក៏ដូចជាតំបន់ព្រៃឈើដែលគេអភិរក្សផងដែរ ហើយអាកាសយានដ្ឋាននេះទៀតសោត នឹងបំពេញតាមស្តង់ដារកម្រិត 4E ដែលអាចទទួលយន្តហោះធំៗដូចជា A350 និង B787 ជាដើម។
ចំពោះការចំណាយសរុប, រដ្ឋនឹងបញ្ចេញប្រាក់ប្រហែល ២.១៥ទ្រីលានដុង សម្រាប់ធ្វើហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការហោះហើរ និងការចាក់ដីបំពេញ។
ប្រសិនបើសំណើត្រូវបានអនុម័ត ការងារសាងសង់អាចចាប់ផ្តើមឆាប់ៗក្នុងឆ្នាំនេះ និងត្រូវកំណត់បញ្ចប់រួចរាល់ត្រឹមឆ្នាំ២០២៩។ លើសពីនេះ អាកាសយានដ្ឋាន Van Phong នឹងក្លាយជាព្រលានយន្តហោះបណ្តែតទឹកដំបូងគេបង្អស់ក្នុងប្រទេសវៀតណាម។
Van Phong គឺជាតំបន់សេដ្ឋកិច្ចសំខាន់មួយក្នុងចំណោមតំបន់សេដ្ឋកិច្ចសំខាន់ៗទាំង៣នៅក្នុងខេត្ត Khanh Hoa។ យោងតាមផែនការមេរបស់ខេត្ត Khanh Hoa តំបន់នេះមានផ្ទៃដី១៥ម៉ឺនហិកតា បានដើរតួនាទីឈានមុខក្នុងការទាក់ទាញវិនិយោគិន និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដល់តំបន់ជុំវិញ កដូចជាទូទាំងប្រទេស។
ខេត្ត Khanh Hoa កំពុងបូមលុយរាប់ពាន់លានដុល្លារចូលទៅក្នុងគម្រោងធំៗចំនួន២៧នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ Van Phong ក្នុងអំឡុងឆ្នាំ២០២៣-២០២៤ ខណៈបច្ចុប្បន្ន ខេត្តនេះបានទាក់ទាញគម្រោងវិនិយោគថវិកាមិនមែនរដ្ឋចំនួន១៧ ដែលមានតម្លៃជិត១០១ទ្រីលានដុង (៤.១៦ពាន់លានដុល្លារអាមេរិក)៕