ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ស សំណាង ប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ ជាចៅក្រមប្រឹក្សារ លោក តុប ឈុនសុង ចៅក្រមប្រឹក្សារ អមដោយលោក សុខ កែវបណ្ឌិត ជាតំណាងអយ្យការ បានបើកសវនាការសំណុំរឿងអតីតលោកឧត្តមសេនីយទោ វ៉ាន់ កុសលអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងបក្ខពួក ៤នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទពីបទ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)។
ដំណើការនៃសវនាការសួរដេញដោលលើក្រុមជនត្រូវចោទ បានអូសបន្លាយពេលរហូតដល់ម៉ោង៧យប់នៅតែមិនបញ្ចប់ដោយសារតែសំណុំរឿងនេះមានភាពស្មុគស្មាញច្រើន ទើបតុលាការ បានសម្រចលើកយកអង្គសវនាការរឿងក្តីនេះ ទៅបន្តជំនុំជម្រះនៅពេលក្រោយ។
សូមរំលឹកថា ក្នុងសំណុំរឿងខាងលើនេះ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សឿន ចរិយា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងបក្ខពួក ៤នាក់ទៀត ដាក់ុពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទពីបទ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)។ ការសម្រេចរបស់ចៅក្រមស៊ើបសួរ បានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ក្នុងករណីនេះអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួក បានជំរិតយកប្រាក់ពីជនជាតិចិនក្នុងរឿងចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន ហើយដោះលែងជាថ្នូរនឹងប្រាក់រាប់ម៉ីនដុល្លារ។
ជនជាប់ចោទទាំង៥នាក់ ឈ្មោះ វ៉ាន់ កុសល ភេទប្រុស ជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ឈ្មោះ ជួន លឹមហេង ភេទប្រុស, ឈ្មោះ អុន សំអូន ភេទប្រុស, ឈ្មោះ នេត សុខុម ភេទប្រុស និងឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស។
យោងតាមការឱ្យដឹងពី លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថា ក្រោយពីតំណាងអយ្យការបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យលើភស្តុតាងនានា ព្រមទាំងបានស្ដាប់ចម្លើយជនសង្ស័យទាំងអស់ខាងលើឃើញថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើ ព្រមទាំងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិនចំនួន ៣ករណី ដោយយកជនរងគ្រោះទៅបង្ខាំង និងជំរិតយកប្រាក់ជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ។
ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ចូនរឿងឲ្យស៊ើបសួរ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើមនុស្សចំនួន៧នាក់ រីឯមនុស្ស២នាក់ទៀតកំពុងគេចខ្លួន និងស្វែងរក ដែលមានឈ្មោះ កែវ ខេន និងគង់ វីរៈជាតិ និងបក្ខពួក ដោយចោទប្រកាន់ពីបទ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)៕