ដោយសិក្សាទិន្នន័យពីយានអវកាស MESSENGER, ក្រុមអ្នកវិទ្យាសាស្ត្រអង្គការណាសា បានកំណត់ថា ភពពុធ អាចមានស្រទាប់ខាងក្រោមកម្រាស់ជាង ១៦គីឡូម៉ែត្រ ដែលក្រាលដោយសុទ្ធតែពេជ្រ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Space.com នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤។
តាមពិតទៅ ក្រុមអ្នកវិទ្យាសស្រ្តឆ្ងល់យូរមកហើយ ចំពោះភាពអាថ៌កំបាំងនិងធនធាន នៅក្នុងភពដ៏តូចដែលស្ថិតនៅជិតប្រព័ន្ធព្រះអាទិត្យជាងគេមួយនេះ ទើបតែឥឡូវប៉ុណ្ណោះ ដែលណាសា បានសិក្សាយ៉ាងដិតដល់ហើយក៏ចេញការសន្មតតែម្តង។
ជុំវិញការរកឃើញនេះ, ក្រុមអ្នកវិទ្យាសាស្រ្ត បានសិក្សាទៅលើទម្រង់កាបូន នៅស្នូលរបស់ភពពុធ រហូតឈានដល់ការសន្និដ្ឋានថា នៅក្នុងប្រវត្តិសាស្ត្ររបស់ភពនេះ វាមហាសមុទ្រម៉ាក់ម៉ា ដែលសម្បូរហូរហៀទៅដោយកាបូនហើយ ម៉ាក់ម៉ានោះ ក៏អណ្តែតនៅផ្ទៃខាងលើបុកទង្គិចគ្នា បង្កើតបានជាសារធាតុរ៉ែក្រាហ្វីត។

Oplus_131072
ដំណើរការដូចគ្នានេះ ក៏កើតឡើងនៅស្រទាប់ខាងក្រោមនៃភពពុធដែរ។ ទីនោះសម្បូរទៅដោយសារធាតុកាបូន បង្កើតបានជារបស់មានតម្លៃគឺពេជ្រ សុទ្ធតែម្តង នៅពេញស្រទាប់កម្រាស់ជាង ១៦គីឡូម៉ែត្រ។
សូមបញ្ជាក់ថា យានអវកាស MESSENGER បានបាញ់បង្ហោះនៅខែសីហា ឆ្នាំ២០០៤ ហើយក្លាយជាយានអវកាសដំបូងគេ ដែលធ្វើដំណើរជុំវិញភពពុធ។ ក្រោយបញ្ចប់បេសកកម្មក្នុងឆ្នាំ២០១៥, MESSENGER បានបង្ហាញព័ត៌មានលម្អិតអំពីភពពុធ ហើយប្រមូលទិន្នន័យសំខាន់ៗអំពីស្ថានភាពដី និងដែនម៉ាញេទិករបស់ភពដ៏តូចមួយនេះ៕
