ក្រុមហ៊ុនប្រេងអាមេរិក Murphy Oil Corporation កំពុងរៀបចំដើម្បីខួងអណ្តូងរុករកប្រេងចំនួន២កន្លែងនៅក្នុងប្រទេសវៀតណាមនៅចុងត្រីមាសទី ៣ និងទី ៤ ឆ្នាំនេះ ជាបន្តបន្ទាប់គ្នា។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តីវៀតណាម The Investor ដែលស្រង់សម្ដីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Roger Jenkins ។
លោក Jenkins បានឱ្យដឹងក្នុងកិច្ចប្រជុំត្រួតពិនិត្យសម្រាប់ត្រីមាសទី២ កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនគ្រោងនឹងបុកអណ្តូងរុករក Hai Su Vang នៅក្នុងប្លុក 15-2/17 នៅត្រីមាសទី៣ ឆ្នាំ ២០២៤ និងអណ្តូងរុករក Lac Da Hong នៃប្លុក 15-1/05 នៅត្រីមាសចុងក្រោយឆ្នាំដដែល។ ប្លុករុករកប្រេងទាំង២នេះ មានទីតាំងនៅតំបន់គីវឡុង (Cuu Long) នៃឈូងសមុទ្រភាគខាងត្បូងរបស់ប្រទេសវៀតណាម។
ក្រុមហ៊ុន Murphy Oil បានប៉ាន់ប្រមាណថា អណ្តូង Hai Su Vang មានធនធានប្រេងបានចន្លោះពី ១៧០-៤៣០ លានបារ៉ែល ខណៈ Lac Da Hong មានចន្លោះពី ៦៥-១៣៥ លានបារ៉ែល។
នាយកប្រតិបត្តិការរបស់ Murphy Oil លោក Eric Hambly បានថ្លែងថា អណ្តូងរុករកទាំង២ មានសក្តានុពលក្លាយជា អាជីវកម្មដែលមានទំហំធំសម្រាប់ក្រុមហ៊ុនក្នុងប្រទេសវៀតណាម»។
ជាមួយគ្នានេះ លោក Jenkins បាននិយាយថា ក្រុមហ៊ុន Murphy Oil បានទទួលគ្រឿងបរិក្ខារសំខាន់ៗ និងកិច្ចសន្យាបំពង់បង្ហូរប្រេង សម្រាប់ការអភិវឌ្ឍតំបន់ប្រេង Lac Da Vang កាលពីត្រីមាសទី២។ គម្រោងនេះ គ្រោងនឹងសម្រេចបានប្រេងដំបូងបំផុតចុងឆ្នាំ២០២៦៕